-
{{#each ad}}
- {{/each}}
នៅពេលស្បែក ក្រចក និងសក់ភ្លឺរលោង មានសុខភាពល្អ ព្រមទាំងរឹងមាំ សម្រស់របស់យើងក៏នឹងកើនឡើងទៅតាមនោះដែរ។ ពិតណាស់ របបអាហារមួយចំនួន មិនត្រឹមតែល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ វាថែមទាំងជះឥទ្ធិពលដល់សម្រស់យើងថែមទៀតផង។ ដូច្នេះហើយ ដើម្បីបំពេញបន្ថែមភាពស្រស់ស្អាតចេញពីខាងក្នុង គ្នាយើងគប្បីបញ្ចូលអាហារមួយចំនួនខាងក្រោមនេះ។
១. ត្រីសាល់ម៉ុន
ត្រីសាល់ម៉ុន និងត្រីមានជាតិខ្លាញ់ផ្សេងទៀត ជាអាហារចម្បងក្នុងការពង្រឹងសុខភាពសក់ និងស្បែករបស់យើង ព្រោះថាអាហារទាំងនេះសម្បូរទៅដោយវីតាមីន អាស៊ីដខ្លាញ់អូមេហ្គា៣ ជាតិដែក និងវីតាមីនB12។ ជាក់ស្ដែង អាស៊ីដខ្លាញ់អូមេហ្គា៣ អាចជួយការពារស្បែកពីការបំផ្លាញដោយកម្ដៅព្រះអាទិត្យ និងជំនួយដល់សុខភាពស្បែកក្បាល។ រីឯប្រូតេអ៊ីនអាចជួយការពារបញ្ហាជ្រុះសក់ ចំណែកឯជាតិដែក និងវីតាមីនB12 អាចធ្វើឲ្យពណ៌សក់កាន់តែរស់រវើកជាងមុន។
២. ការ៉ុត
ជាមួយគ្នានេះដែរ អាហារដែលសម្បូរទៅដោយសារធាតុbeta-carotene ដូចជាការ៉ុត គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានប្រសិទ្ធភាព ដែលមានគុណប្រយោជន៍ជួយជំរុញដល់ការលូតលាស់នៃសក់ និងក្រចក។ លើសពីនេះ ការ៉ុតក៏រួមចំណែកក្នុងការប្រឆាំងនឹងរោគសញ្ញាដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។
៣. ប៉េងបោះ
ប៉េងប៉ោះមិនមែនគ្រាន់តែជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលល្អចំពោះស្បែកប៉ុណ្ណោះទេ បន្លែមួយប្រភេទនេះក៏ផ្ទុកទៅដោយវីតាមីនC សារធាតុCarotenoids, lycopene និង beta-carotene។ ការញ៉ាំអាហារដែលសម្បូរទៅដោយសារធាតុCarotenoids អាចបង្កើនការការពារស្បែកពីការរលាកដោយកម្ដៅថ្ងៃ។
៤. ស៊ុត
ប្រសិនបើស្រីៗយើងចង់បានក្រចករឹងមាំ និងមានសុខភាពល្អ ស៊ុតជាអាហារដ៏ស័ក្ដិសមបំផុត។ ក្រៅពីប្រូតេអ៊ីន ស៊ុតក៏ផ្ទុកវីតាមីនA វីតាមីនE ជាតិដែក វីតាមីនB7 វីតាមីនB12 ។
៥. ទឹកដោះគោមានជាតិខ្លាញ់ទាប
ទឹកដោះគោដែលគ្មានជាតិខ្លាញ់ ជាប្រភពដ៏ល្អនៃជាតិកាល់ស្យូម និងវីតាមីនD ដែលអាចជួយពង្រឹងក្រចក និងជំរុញការលូតលាស់នៃសក់។ ទឹកដោះគោជូរ និងឈីសដែលមានជាតិខ្លាញ់ទាប ក៏អាចជួយបំពេញជាតិកាល់ស្យូមដែលខ្វះខាតដូចគ្នា។
៦. សណ្តែក
សណ្តែកជាអាហារមួយប្រភេទដែលមានគុណប្រយោជន៍ដ៏អស្ចារ្យ។ នៅពេលដែលយើងញ៉ាំសណ្ដែកកាន់តែច្រើន ក្រចកយើងក៏កាន់តែរឹងមាំ។ ប្រូតេអ៊ីន ស័ង្កសី និងសារធាតុBiotin នៅក្នុងសណ្ដែក អាចជួយឲ្យក្រចករបស់យើងកាន់តែក្រាស់ និងមិនងាយបាក់។ បន្ថែមពីនេះ វាក៏ជួយពង្រឹងសុខភាពសក់ដោយប្រឆាំងនឹងកង្វះសារធាតុBiotin និងជំរុញដល់ការផលិតជាតិខូឡាជែន និងធ្វើឲ្យស្បែកភ្លឺរលោង និងទន់ល្មើយ។